ច្បាស់ៗតែម្តង លោក គួច ខេវិន ធ្វើការបកស្រាយពីមូលហេតុដែលប្អូនប្រុស យឿន ពិសី ក្លាយជាម្ចាស់ពាន Cambodia’s Got Talent តែមិនសូវទទួលបានការងារពីក្រុមហ៊ុន
ប្អូនប្រុស យឿន ពិសី គឺជាអតីតម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងទេពកោសល្យដ៏អស្ចារ្យ លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី១ ប្រិយមិត្តមួយចំនួន ប្រហែលជាមិនទាន់ភ្លេចប្អូនប្រុសទេមើលទៅ ដែលក្រោយពីប្អូនបានបាត់មុខអស់មួយរយៈពេល បន្ទាប់ពីទទួលបាននូវជ័យលាភីកាលពីកន្លងទៅនោះ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ប្អូនប្រុស យឿន ពិសី បានចេញជាវីដេអូមួយរៀបរាប់ទាំងក្តីឈឺចាប់ បន្ទាប់ពីខ្លួនក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី១ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ ២០២១ នេះ គឺលោកស្ទេីរតែមិនទទួលការងារពីខាងក្រុមហ៊ុនទាល់តែសោះ។
ទន្ទឹមនឹងនេះដែរ នាយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ លោក គួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏មានឈ្មោះល្បី ក៏បានមានការលើកឡើងថា៖«ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូនទំនងជាមិនបានស្វែងយល់អោយច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅ លើផេករបស់ប្អូន… ។ ប្អូនគឺជាជ័យលាភី នៃកម្មវិធីលំដាប់ពិភពលោក Cambodian Got Talent ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញ សមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យលើសគេនឹងអាចទទួលបានចំណាត់ថ្នាក់ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodia នោះឡេីយ!
The Voice of Cambodia គឺគេសំដៅទៅលើសម្លេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង! បងធ្លាប់បានផលិតកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេច ដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែងគឺគ្រាន់តែជាវេទិការ ស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថាបានទទួលជ័យលាភីហើយ ត្រូវអង្គុយហៃអើទេ… វាគ្រាន់តែជាឱកាសចាប់ផ្តើមរបស់ប្អូនហើយត្រូវបន្តហ្វឹកហាត់ដើម្បីលោតចូលទៅក្នុងទីផ្សារសេរីតែប៉ុណ្ណោះ ! បងចង់ប្រាប់ប្អូនថា ទូរទស្សន៍ គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗគឺត្រូវពឹងផ្អែកទៅលើអ្នកឧបត្ថម្ភ កម្មវិធី(sponsore) ហេតុដូច្នេះ អោយតែអ្នកឧបត្ថម្ភហាមាត់ថាទៅ លិច គឺលិច ថាទៅកើត គឺកើតហើយ…ដល់តែអ៊ីចឹងទៅ អ្នកផលិត ឬអ្នកដឹកនាំកម្មវិធីនាបច្ចុប្បន្ន ប្រៀបដូចជាអាមោកអញ្ចឹងដែរ! ។ បើហ៊ានតែតមាត់ច្រើនគឺត្រូវគេធ្វើស៊ីជាក់ជាមិនខានឡើយ ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជារចង្កូតទទឹងទទែង ច្រង៉េងច្រង៉ាងយ៉ាងដូច្នេះ ទើបបានជាកម្មវិធីរបស់ទូរទស្សន៍ខ្លះបានចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែក! វាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើល មិនស្មើទៅនឹងអ្នកឡាយលក់ឡេជេរ បញ្ចោរគ្នាផង ឬក៏មិនស្មើនឹង សុខា ត្រូវគេទះកំផ្លៀងនោះឡេីយ។
ហេតុនេះហើយប្អូន យឿន ពិសី មិនបាច់ឆ្ងល់ទេ… Sponsor គឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើងក៏ពួកគេមិនបានស្វែងយល់ផង! ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ ក៏ពួក Sponsor សុំដកកម្មវិធីមិនព្រមធ្វេីដែរ ដោយគិតថាគ្មានអ្នកណាមេីល ប៉ុន្តែបេីកម្មវិធីបុណ្យ អន្តរជាតិ គេវិញ គឺពួក Sponsors ហ្នឹងប្រជុំក្បាលគ្នាដណ្តេីមធ្វេី! ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោក ណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹងមិនស្គាល់គាត់ផង… ពួកគេស្គាល់តែចំនួន អ្នកទស្សនា (Viewers)ឡេីងKK ហើយគេគឺជាអ្នកឧបត្ថម្ភនៃកម្មវិធីគឺគេអាចកុម្ម៉ង់ប្រធានកម្មវិធី និង TV បាន! បើមិនដូច្នេះទេ មិនធ្វើ តាមអាចបាត់ បង់ Sponsor ភ្លាមៗ! ។ ដូច្នេះសូមប្អូនកុំអស់ សង្ឃឹមធ្វើអ្វី បើប្អូនស្រឡាញ់អ្វីមួយ ប្អូនត្រូវតែខិតខំទ្វេរឡើង ហើយត្រូវចេះអភិវឌ្ឍន៍ខ្លួនអោយបានល្អ ព្រោះមនុស្សល្អៗ មានសមត្ថភាព ពោរពេញដោយទេពកោសល្យលើសប្អូននៅមានច្រើនណាស់ ប៉ុន្តែគេមិនចាប់អារម្មណ៍ មិនអើពើចូលរួមប្រកួត ហើយប្អូនក៏ពុំទាន់ជួបពួកគេជាដៃគូដែរ ដោយសេចក្តីស្រឡាញ់រាប់អាន, បង គួច ខេវិន»។