តារាចម្រៀង ស៉ិន ឧត្តមផល្លា មុនពេលទទួលមរណភាព បានបន្សល់ទុកបំណងប្រាថ្នាធំមួយ មិនទាន់សម្រេច
មហាជនជាច្រើនបានមានការរន្ធត់ចិត្តជាខ្លាំង ចំពោះដំណឹងមរណភាពរបស់តារាចម្រៀង និងជាតាសម្តែងជេីងចាស់ លោកស្រី ស៉ិន ឧត្តមផល្លា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ ក្នុងវ័យ៤២ឆ្នាំ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
មរណភាពរបស់លោកស្រី ស៉ិន ឧត្តមផល្លា គឺជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានដ៏មានសមត្ថភាព និងជាការបាត់បង់សមាជិកជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារផងដែរ។ សូមជម្រាបថា លោកស្រី សុិន ឧត្ដមផល្លា បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កន្លះទៅនេះ គឺមុនពេលជាងមួយខែដែលលោកស្រី សុិន ឧត្ដមផល្លា បានទទួលមរណភាព ពោលពេលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ តារាស្រីរូបនេះបានបង្ហោះសារទម្លាយពីស្ថានភាពជំងឺរបស់ខ្លួន និងបានបង្ហាញពីបំណងប្រាថ្នាចុងក្រោយផងដែរ ដោយបានសរសេររៀបរាប់ថា៖«បងប្អូនតែងតែខមមិនសួរខ្ញុំថាតេីខ្ញុំកេីតអីមែនទេ? ឥឡូវនេះខ្ញុំសម្រេចថាបង្ហាញការពិតហើយគឺខ្ញុំកំពុងតែរស់នៅជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ ក្នុងចិត្តខ្ញុំគ្រាន់តែចង់ឃើញកូនៗខ្ញុំមានប្តីមានប្រន្ធរួចហេីយចាំយកខ្ញុំទៅពេលណាក៏បានដែរ»។