ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់អំពីមូលហេតុស្តីពីការផ្អាកសេវាផ្សាយពាណិជ្ជកម្មរបស់យូធូបនៅកម្ពុជា ដោយសារតែ
កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ យប់មិញនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការផ្អាកសេវាផ្សាយពាណិជ្ជកម្មរបស់យូធូប (YouTube) ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖ នាពេលថ្មីៗកន្លងទៅនេះ យូធូប (YouTube) បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលេីថ្នាលវីដេអូនៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ទៀត ដែលធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកាចុះផ្សាយ YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។ បន្ទាប់ពីបានទាក់ទងតំណាង YouTube ដេីម្បីធ្វើការបំភ្លឺ និងជុំវិញឱ្យមានដំណោះស្រាយឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ សូមជម្រាបសាធារណជនមេត្តាជ្រាបដូចខាងក្រោម៖
១. YouTube បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលេីថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថាក្រុមហ៊ុនកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដេីម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទេីបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្ម។
២. ក្នុងចំនោមប្រទេសទាំងជាង ៩០ ខាងលេី ការផ្សាយពាណិជ្ជកម្មលេីថ្នាលវីដេអូ YouTube នឹងត្រូវផ្ដល់ជូនជាបន្តបន្ទាប់តាមរយៈការទទួលបាន”កម្មវិធីភាពជាដៃគូ”។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណៈសម្បត្តិល្អៗជាច្រេីន ក្នុងការទទួលបាន “កម្មវិធីភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះត្រូវការពេលវេលាដេីម្បីរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍ និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។
៣. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលេីកទឹកចិត្តឱ្យមានការផលិតមាតិកាល្អៗ ដោយគោរពគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដេីម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សារធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស។ សេចក្ដីដូចបានជម្រាបខាងលេី សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។