សូមប្រពន្ធសំលាញ់ទៅឲ្យបានសុខ ប្តីនឹងមើលកូនយើងទាំង ៤នាក់ ឲ្យបានល្អ និងជាក្មេងពូកែណាអូន
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរំជួលចិត្តជាខ្លាំង ដែលស្រ្តីម្នាក់មានឈ្មោះ គឹម ស្រីណេត បានបាត់បង់ជីវិតកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧ព្រឹក ក្នុងជន្មាយុ ៣១ឆ្នាំ ក្រោយពេលសម្រាលកូនរួច។ ស.ពតំកល់ធ្វេីបុណ្យនៅគេហដ្ឋាន ផ្លូវទំនប់កប់ស្រូវ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ជាមួយគ្នានេះ ប្រភពពីបុរសជាស្វាមីដែលមានឈ្មោះ ឃុយ ពិសិដ្ឋ សមាជិកក្រុមប្រឹក្សា ជាប្រធានយុវជនសង្កាត់ និងជាសមាជិកអចិន្ត្រៃយ៍គណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ បានមានក្តីរន្ធត់ចិត្តជាខ្លាំងក៏បានបង្ហោះសារលើកឡើងទាំងក្តីក្រៀមក្រំបំផុតដោយមានខ្លឹមសាររៀបរាប់ថា៖
«សូមប្រពន្ធសំលាញ់ទៅឲ្យបានសុខ កើតជាតិណាៗ សូមឲ្យប្រពន្ធសំលាញ់អាយុវែង កុំឲ្យដូចជាតិនេះ សូមប្រពន្ធសំលាញ់កើតជាតិក្រោយ នៅជាមួយគ្រួសារត្រកូលអ្នកមាន ប្តីសុំទោស ប្តីសន្យាថា ប្តីនឹងមើលកូនយើងទាំងបួនឲ្យបានល្អ និងជាក្មេងពូកែ ណាប្រពន្ធសំលាញ់ ទៅបានសុខណាអូន»។