ក្រោយពីផ្ទុះព័ត៌មាននាយ ប្រុញ ថតមិនដែលបានលុយ ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានមានប្រសាសន៍លេីកឡេីងចំៗបែបនេះថា
ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហេីយនាយ ប្រុញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូរធូប ខណៈដែលក្មេងប្រុសរូបនេះជានិច្ចជាកាលតែងតែមានវីដេអូបែបកំប្លែងៗជាច្រើនចែកជូនដល់អ្នកទស្សនាដេីម្បីទទួលបាននូវសំណេីចក្អាកក្អាយ បំបាត់ទុក្ខកង្វល់ តាមរយៈពាក្យសម្ដីនិងកាយវិការដ៏ក្រមិចក្រមើមនោះ។ យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឧកញ៉ា សម្បត្តិ រួមជាមួយភរិយា ដែលជាអគ្គនាយក អគ្គនាយិកា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានផ្តល់ឱកាសកុងត្រាសហការការងារពេញ១ឆ្នាំជាមួយក្រុមប្អូនប្រុញ ក្នុងគោលបំណងដើម្បីបង្កើតវីដេអូកំប្លែងសប្បាយៗប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ។
ទន្ទឹមនឹងនេះដែរ ស្រាប់តែនៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើការទម្លាយនូវរឿងរ៉ាវដ៏នឹកស្មានមិនដល់មួយទាក់ទងនឹងនាយ ប្រុញ ដែលចេញថតយ៉ាងព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែវិញគឺទទួលបានតែម្តងគត់ប៉ុណ្ណោះ។
ជុំវិញការភ្ញាក់ផ្អើលនេះដែរ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នេះ លោកឧកញ៉ា សម្បត្តិ បានចេញមុខធ្វើការបកស្រាយដោយបានបញ្ជាក់ឱ្យដឹងថា វាមិនមែនជាការពិតដូចការលេីកឡេីងពីខាងលេីនោះទេ ហើយលោករួមជាមួយភរិយាក៏មានការភ្ញាក់ផ្អើលខ្លាំងផងដែរ ពេលបានឃេីញនូវព័ត៌មាននេះ។ លោកឧកញ៉ា សម្បត្តិ ក៏បានបន្តទៀតថា រូបលោកបានចាត់ទុកនាយ ប្រុញ ដូចជាកូនប្រុសបងយ៉ាងចឹង តែបែរជាចុងក្រោយមកទទួលនូវរឿងបែបនេះទៅវិញ។
បន្ទាប់ពីរឿងរ៉ាវខាងលេីកំពុងតែមានការផ្ទុះកក្រើកនោះ ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានមានប្រសាសន៍លេីកឡេីងនៅលេីទំព័រហ្វេសប៊ុកដោយមានខ្លឹមសារថា៖«តាមគំនិតខ្ញុំមានតែខំរៀនបន្តសិនទាន់មានថវិកាដែរ បើក្មួយចេះភាសាទៀតកាន់តែល្អ។ ពេលរៀនចប់ ចង់វិលទៅរកសិល្បៈវិញក៏មិនយឺតពេលដែរ ហើយថែមទាំងមានចំណេះទៀតផង។ ម្យ៉ាងទៀតបើរឿងនេះដូចព័ត៌មាននិយាយមែនលោកឧកញ៉ាធ្វើបែបនេះតាមច្បាប់មានទោសពីបទកេញប្រវ័ញ្ចពលកម្ម កុមារ មានចែងក្នុងច្បាប់ការងាររបស់រដ្ឋ»។