បន្ទាប់ពីបទ Are You ok ត្រូវបានលុប អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានបង្ហោះសារនិយាយរៀបរាប់ ទាំងក្តីសោកស្តាយ ដោយបទនេះចំណាយថវិកាដល់ទៅចំនួន
នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការបង្ហោះលេីបណ្តាញសង្គមហ្វេសប៊ុកបញ្ជាឲ្យអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លុបវីដេអូ trailer បទ Are you ok ជាបន្ទាន់ បន្ទាប់ពីមានមតិរិះគន់ពីមហាជន។ យ៉ាងណាមិញ នាយប់ថ្ងៃដដែលនេះ លោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra ក៏បានមានការលើកឡើងលើទំព័រផេកហ្វេសប៊ុករបស់ខ្លួនថា៖
«បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លា ត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោល ពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសរសើរឡើយ ទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្ម GALAXY លែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ រីឯអាខោនTikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Comment យ៉ាងច្រើន
គ្រប់យ៉ាងមានតែពាក្យសោកស្តាយ ហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់ សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយ គ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា»។