អបអរសាទរ ក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់អន្តរជាតិ និងលំដាប់ពិភពលោក លោក ហុង ភារិន ត្រូវបានគេជ្រើសរើសដោយមានតួនាទីធ្វើជា
ប្រិយមិត្តបានស្គាល់រួចមកហេីយ និស្សិតអាហារូបករណ៍នៅប្រទេសថៃ លោក ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជននៅទូទាំងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា»។
អ្វីដែលកាន់តែពិសេសនោះ លោក ហុង ភារិន កាលពីពេលកន្លងទៅនេះ បានចូលរួមនៅក្នុងកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨ (The 28th world memory championships) ដោយរៀបចំឡេីងនៅក្នុងក្រុង អ៊ូហាន ប្រទេសចិន ដែលមានការចូលរួមពីបេក្ខជនជាច្រេីនប្រមាណជាង៥០០នាក់ មកពីប្រទេសជុំវិញពិភពលោក។
យ៉ាងណាមិញ នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោក ហុង ភារិន បានមានការលេីកឡេីងអំពីដំណឹងមួយ ប្រាប់ទៅកាន់មហាជន ដែលមានការរៀបរាប់ដូចតទៅ៖«ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានទទួលតួនាទីមួយទៀតគឺជា អាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) ក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់អន្តរជាតិនិងលំដាប់ពិភពលោក។ ការផ្តល់តួនាទីជាអាជ្ញាកណ្តាលការប្រកួតការចងចាំ (Arbiter of Memory) នេះ ក្នុងមួយប្រទេសអាចមានត្រឹមតែ ២ នាក់ប៉ុណ្ណោះ។ ខ្ញុំនៅតែជាអត្តពលិកការចងចាំដដែល គ្រាន់តែបន្ថែមតួនាទីមួយទៀតដេីម្បីអោយពិភពលោកទទួលស្គាល់ក្រុមការចងចាំកម្ពុជានាពេលអនាគត»។