លោកស្រី ទ្រី ដាណា ប្រកាសជួយឧបត្ថម្ភថវិកា ដល់សហព័ន្ធ ហេីយបេីកម្ពុជាស៊ុតចូល ១គ្រាប់ នឹងថែមជូនទឹកប្រាក់ចំនួន
បច្ចុប្បន្ននេះ វិស័យកីឡាបាល់ទាត់កម្ពុជា ហាក់មានសន្ទុះកើនឡើងជាលំដាប់ ខណៈដែលមានប្រជាពលរដ្ឋខ្មែរជាច្រើនបានបែរមកមានការគាំទ្រ ក៏ដូចជាចូលរួមទស្សនានូវរាល់ការប្រកួតនានា ដែលនេះគឺជាកំលាំងលេីកទឹកចិត្តដ៏អស្ចារ្យមួយសម្រាប់កីឡាករ ក្នុងការប្រកួតប្រជែងយកជ័យជម្នះជូនដល់ប្រទេសជាតិនោះ។
យ៉ាងណាមិញ នាវេលាម៉ោង ១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិកោះហ្គាំ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ក្នុងពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff។
ទន្ទឹមនឹងនេះដែរ ដេីម្បីជាការលើកទឹកចិត្ត ក៏ដូចជាចូលរួមគាំទ្រលើវិស័យបាល់ទាត់កម្ពុជា មុនចាប់ផ្តើមការប្រកួត លោកស្រី ទ្រី ដាណា បានឲ្យដឹងថា៖«យប់នេះ អ្នកណាមើលបាល់ខ្លះ? ចែដាណាចង់មើលដែរ ដើម្បីឱ្យសប្បាយចិត្តទាំងអស់គ្នា ខ្ញុំជួយឧបត្ថម្ភ 10000$ ដល់សហព័ន្ធ។ បើស៊ុតចូលគេ ១គ្រាប់ថែម 5000$ ទៀត ដល់ក្រុម (បានច្រើនគ្រាប់កាន់តែល្អ)ចង់ឃើញស៊ុតចូលច្រើនៗ ហើយសប្បាយចិត្តទាំងអស់គ្នា ទោះលទ្ធផលយ៉ាងណាក៏នៅតែគាំទ្រ កម្ពុជា ស៊ូស៊ូ ផ្ដល់កម្លាំងចិត្តទាំងអស់គ្នា ខ្មែរតែមួយ»។