សម្តេចតេជោ ហ៊ុន សែន បានសម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំ ងឺ កូវី.ដ -១៩
នាយប់អធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីសម្រេចអំពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដេីម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី.ដ-១៩ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖
ក្នុងរយៈពេល ២ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃេីញថាមានការជួបជុំ និងប្រមូលផ្ដុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដេីម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី.ដ-១៩ ដែលអាចនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាអាចប្រឈមមុខនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលទ្រង់ទ្រាយធំទូទាំងប្រទេសនៃជំងឺកូវី.ដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ យោងលេីភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី.ដ-១៩ ជាពិសេស ដេីម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងបេីកដំណើរការសាលារៀនឡេីងវិញ ក៏ដូចជាកំពុងរៀបចំផែនការដេីម្បីឈានឆ្ពោះទៅបេីកដំណើរការប្រទេសពេញលេញឡេីងវិញ នាពេលខាងមុខ, រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖
១- ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ២- គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដេីម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។ ៣- រក្សាការឈប់សម្រាករយៈពេល ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។ ទទួលបានសេចក្ដីសម្រេចនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាពខ្ពស់។