អូនជាអ្នកលក់ Online ឯបងជាអ្នកទិញ ត្រឹមរយៈពេល១៣ថ្ងៃប្រែក្លាយជាគូដណ្តឹង ដោយសារតែខាងប្រុសបានធ្វើរឿងមួយនេះ
ក្តីស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងដែលចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបេីយេីងនិយាយតាមបែបជំនឿ ប៉ុន្ដែបេីសិនជាយេីងបានជួបអ្នកដែលយេីងពេញចិត្ត និងស្រលាញ់ហេីយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលបាត់បង់ហេីយ ទេីបស្តាយក្រោយ។
ដូចជាសង្គមយើងនាពេលបច្ចុប្បន្ន ខណៈដែលបច្ចេកវិទ្យាកាន់តែទំនើប ការទំនាក់ទំនងកាន់តែងាយស្រួល ជាក់ស្តែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក គឺមានគូស្នេហ៍មិនតិចនោះទេ ដែលបានស្គាល់គ្នារហូតក្លាយជាគូស្នេហ៍ និងឈានដល់ការរៀបអាពាហ៍ពិពាហ៍ទៀតផង អាចនិយាយបានថាគឺជានិស្ស័យ ទេីបបានមកជួបគ្នាបែបនេះ។
ដោយឡែក ក្រឡេកមកមើលពីគូស្នេហ៍មួយគូនេះវិញ ពួកគេទាំងពីរនាក់បានក្លាយទៅជាគូដណ្ដឹងនឹងគ្នាហើយ បន្ទាប់ពីមានការដឹងលឺពីចាស់ទុំទាំងសងខាងដោយបានរៀបចំនូវពិធីភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ ដែលកូនកំលោះមានគណនីហ្វេសប៊ុកឈ្មោះ Mrr Chally និងកូនក្រមុំមានឈ្មោះ Ah Ah Moon ហេីយអ្វីដែលគួរឲ្យចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើននោះ ត្រឹមរយៈពេល១៣ថ្ងៃប៉ុណ្ណោះ អ្នកទាំងពីរបានប្រែក្លាយពីអ្នកលក់និងអ្នកទិញទៅជាគូដណ្តឹង ពិតជារឿងមួយនឹកស្មានមិនដល់នោះទេ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់កូនក្រមុំបានមានការលើកឡើងថា៖ «ស្នេហារវាងអ្នកលក់ Online និងអ្នកទិញអត់ចេះញ៉ែ អត់មានអីច្រើនព្រោះស្គាល់តែ ១៣ថ្ងៃទេចូលរោង (ចាស់ៗថាដល់គូតែប៉ុណ្នឹង) ពូហ្នឹងទិញរហូតមានលក់អីក៏ទិញដែរ ទិញទាល់តែបានអ្នកលក់យកមួយជីវិតហ្មង សំខាន់កម្ម៉ង់អាវខ្លះមិនទាន់បានមកដល់ផង ផ្តាំទៅអ្នកលក់ Online គ្នាយើង ឧស្សាហ៏តបឆាតភ្ញៀវអោយច្រើនៗ ក្រែង ល តបៗប៉ះចំគូព្រេងដូចខ្ញុំ លក់ខោអាវបានប្តីមួយ»។