ពិសេសណាស់ លោកឧកញ៉ា ស្រី ចាន់ថន គ្រោងនឹងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់មួយចំនួនឲ្យទៅជា
កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប បានមានការបញ្ជាក់ឲ្យដឹងអំពីដំណឹងដ៏ល្អមួយសំរាប់បងប្អូនជាអ្នកចំការ ដែលលោកឧកញ៉ាគ្រោងនឹងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់មួយចំនួនអោយទៅជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង។ ក្នុងនោះដែរ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
«បានគិតនិងសិក្សារួចរាល់ហើយសំរាប់បងប្អូនធ្វើចំការ ខ្ញុំនឹងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ…ដោយសារតែការរីករាលដាល នៃជម្ងឺកូវីត-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្រទេសកម្ពុជារបស់យើងលើផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋកសិករយើងពិបាកក្នុងការរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគាត់…។
ហេតុដូចនេះហើយ ខ្ញុំបាទ បានចំណាយពេលដើម្បីសិក្សាអស់មួយរយៈពេល ដើម្បីបន្តរៀបចំកៃច្នៃ និងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិអោយបានច្រើន ជាពិសេសនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រួមជាមួយគ្នានោះ ខ្ញុំបានសម្រេចចិត្តថា នឹងគ្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗទៀត ដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាជួយលើកស្ទួយដល់វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្មនៅក្នុងប្រទេស ជាពិសេសអាចផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាអោយមានការងារធ្វើ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង ក៏ដូចជាដើម្បីបញ្ជាក់អោយបរទេសដឹងថា ជនជាតិខ្មែរក៏អាចផលិតបាននូវផលិតផលនានា ដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំងនោះបានផងដែរ ។
ក្នុងនោះដែរ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំដោះស្រាយរាល់គ្រប់បញ្ហាផ្សេងៗ ជាពិសេសលើវិស័យកសិកម្ម បានជួយទិញផលិតផលពីបងប្អូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលដែលពួកគាត់កំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជំងឺកូវីតនេះ។ ខ្ញុំសូមសំនូមពរ ក៏ដូចជាមានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនខ្មែរយើងទាំងអស់គ្នា នឹងជួយគាំទ្រនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរយើង ជាពិសេសជាមួយនឹងការដឹកជញ្ជូនឆាប់រហ័សទាន់ចិត្ត ជាមួយក្រុមហ៊ុនដឹកជញ្ជូន Jet’s Express ដែលទើបតែបង្កើតថ្មីផងដែរ…»។