ឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿង ដើម្បីទៅទទួលយកស្ត្រីម្នាក់ ដែលមានអាការៈឈឺពោះគ្រប់ខែ ទៅកាន់មន្ទីរពេទ្យ
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿងរបស់ក្រុមហ៊ុន GTVC ទៅយកស្រ្តីម្នាក់ជាប្រជាពលរដ្ឋដែលកំពុងមានអាការៈឈឺពោះគ្រប់ខែជិតសម្រាល មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈដែលអាកាសធាតុកំពុងមានភ្លៀង ខ្យល់ និងរលកធំៗ។
ក្នុងនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានមានប្រសាសន៍លេីកឡេីងនៅលើទំព័រផេកហ្វេសប៊ុក ដែលមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖«ដោយសារតែអាកាសធាតុមិនអំណោយផល ធ្លាក់ខ្យល់ មានភ្លៀង រលកធំ ! ខ្ញុំបានបញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿងទៅ ភូមិសុខសាន្ត ក្រុងកោះរ៉ុង បន្ទាន់ !!
ដើម្បីទៅទទួលយកប្អូនស្រីដែលមានអាការៈឈឺពោះគ្រប់ខែមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរសៀលនេះ ជួយគ្នាក្នុងគ្រាលំបាក»។ សូមជម្រាបថា បន្ទាប់ពីស្រ្តីពោះធំខាងលេីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រួចមក នៅល្ងាចថ្ងៃដដែលនេះ រូបនាងសម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាពហេីយ ដោយមានការចូលរួមអបអរសាទរពីមហាជនជាច្រើន។
សូមទស្សនាវីដេអូខាងក្រោម