ទីបំផុតតារាចម្រៀង វីរៈ និច្ច រកឃើញម្ចាស់បេះដូងពិតប្រាកដហើយ ដែលគាត់គឺជា
កាលពីម្សិលមិញនេះ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ មហាជនជាច្រើន ជាពិសេសហ្វេនៗអ្នកគាំទ្រកញ្ញា វីរៈ និច្ច បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ បានបង្ហាញមុខអនាគតស្វាមីរបស់ខ្លួន ក្នុងពិធីចូលស្តីដណ្តឹងតាមប្រពៃណីដោយមានការដឹងឮពីចាស់ទុំទាំងសងខាង អមជាមួយស្នាមញញឹមពេញកម្មវិធីតែម្តង។
បេីតាមការបញ្ជាក់ពីតារាចម្រៀង ខាន់ ជេមស៍ ដែលត្រូវជាសាច់ញាតិរបស់ខាងកូនក្រមុំ បានមានការបញ្ជាក់ប្រាប់Fresh News Plus ឲ្យដឹងថា គូដណ្តឹងរបស់កញ្ញា វីរៈ និច្ច មិនមែនអ្នកសិល្បៈនោះទេ ពោលគឺជាថៅកែ ផ្ទះសំណាក់អង្គរពេជ្រ នៅក្រុងកំពង់សោម ដែលមានឈ្មោះថា ខៀវ ពេជ្រ អាយុ២៩ឆ្នាំ។ អ្នកទាំងពីរ មិនមែនចាស់ទុំផ្សំផ្គុំនោះទេ ពោលគឺបានស្រឡាញ់ស្វែងយល់ និងមើលចិត្តថ្លើមគ្នាទៅវិញទៅមក ជាយូរឆ្នាំមកហើយ។
លោក ខាន់ ជេមស៍ បានបន្តទៀតថា តាមពិតចំពោះថ្ងៃមង្គលការ គឺមានគម្រោងធ្វើធំដុំ នៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១នេះ ប៉ុន្តែដោយសារស្ថានភាពនៃកូវីដ-១៩ មិនទាន់ធូរស្បើយ គឺមានតែធ្វើទៅតាមកាលៈទេសៈប៉ុណ្ណោះ ហើយក្រុមគ្រួសារទាំងសងខាងក៏បានយល់ស្រប ព្រមព្រៀងគ្នារួចរាល់ហើយដែរ។