ចេញលទ្ធផលហើយ បន្ទាប់ពីធ្វើការស្រាវជ្រាវ ពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃរួចមក ក្រសួងវប្បធម៌ បានបញ្ចាក់ប្រាប់ច្បាស់ៗថា
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា តាមរយៈបណ្តាញសង្គមជាពិសេសប្រព័ន្ធហ្វេសប៊ុក ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយនៅខេត្តបុរីរម្យ ក្នុងប្រទេសថៃនារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូលបានព័ត៌មានជាបឋមមួយចំនួន ដូចខាងក្រោម៖
១៖ សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៉ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។
២៖ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
៣៖ តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជា ចុះពិនិត្យដោយផ្ទាល់បាន ក្នុងករណីមានការមន្ទិលសង្ស័យ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិ ដែលតែងយកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិប្រកបដោយសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់។ ក្រសួងនឹងធ្វើការហើយតាមដានការងារនេះជាបន្តដោយយកចិត្តទុកដាក់។