បន្ទាប់ពីទទួលបានសត្វតោមកចិញ្ចឹមវិញ ជនជាតិចិនរូបនេះមានក្តីរំភេីបចិត្តជាខ្លាំងក៏បានបង្ហោះសារថា
កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មហាជនជាច្រើនបានមានក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតដល់ជនជាតិចិនឲ្យមកទទួលយកសត្វតោដែលខ្លួនបានចិញ្ចឹមត្រលប់យកទៅផ្ទះវិញ បន្ទាប់ពីសមត្ថកិច្ចបានរឹបអូសយកទៅរក្សាក្នុងសួនសត្វភ្នំតាម៉ៅកាលពីពេលថ្មីៗកន្លងទៅនេះ។
ចំពោះសេចក្ដីសម្រេចអនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញនេះ គឺក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ បន្ទាប់ពីទទួលបានដំណឹងដ៏រីករាយនេះ ម្ចាស់សត្វតោក៏បានបង្ហោះសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនខ្មែរទាំងមូលចំពោះការយកចិត្តទុកដាក់លេីបញ្ហានេះ ដោយបានសរសេររៀបរាប់ថា៖
«ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់“ ហុីម៉ា” របស់យើងខ្ញុំធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជានិងចិនជាមិត្តដែកថែបជារៀងរហូត»។