សម្តេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឲ្យម្ចាស់យកសត្វតោទៅចិញ្ចឹមវិញ ប៉ុន្តែត្រូវធ្វើតាមលក្ខខណ្ឌមួយនេះ
កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មហាជនជាច្រើនបានមានក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតដល់ជនជាតិចិនឲ្យមកទទួលយកសត្វតោដែលខ្លួនបានចិញ្ចឹមត្រលប់យកទៅផ្ទះវិញ បន្ទាប់ពីសមត្ថកិច្ចបានរឹបអូសយកទៅរក្សាក្នុងសួនសត្វភ្នំតាម៉ៅកាលពីពេលថ្មីៗកន្លងទៅនេះ។
ចំពោះសេចក្ដីសម្រេចអនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញនេះ គឺក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ ខាងក្រោមនេះ គឺជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់នៅលេីគេហទំព័រផេកហ្វេសប៊ុកជាផ្លូវការដោយមានខ្លឹមសារថា៖
«ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ
ប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ»៕