លោកគ្រូពេទ្យបានជួយសង្រ្គោះមនុស្សច្រើនណាស់ មិនថាអ្នកក្រ និងអ្នកមាននោះទេ ស្ទើរតែមួយស្រុកកោះសូទិនគ្មានអ្នកណាធ្វើបានដូចគាត់
សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះលោក សុខ ទិត្យ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែក កោះសូទិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ វេលាម៉ោង ០៦និង១៨នាទីយប់ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។ ទីកន្លែងប្រារព្ធពិធីបុណ្យ គេហដ្ឋាននៃស.ព ស្ថិតក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បេីតាមការបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ ស៊ាង ហ័រ ដន បានមានការរៀបរាប់ទាំងសោកសៅដោយមានខ្លឹមសារដូចតទៅ៖«ខ្ញុំបាទនិងក្រុមគ្រួសារនៃស.ពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមរំលែកទុក្ខនិងចូលរួមជាបច្ច័យក្នុងកម្មវិធីបុណ្យស.ពរបស់អ៊ំប្រុស សុខ ទិត្យ ដែលជាគ្រូពេទ្យម្នាក់តែងតែជួយសង្គ្រោះមនុស្ស ធ្វើអំពើល្អគ្រប់បែបយ៉ាង ពិសេសអ្នកស្រុកអ្នកភូមិ មិនថាអ្នកក្រ អ្នកមាន លោកពុំដែលគិតថា លុយកាក់សំខាន់ជាងវិជ្ជាជីវៈរបស់គាត់ឡើយ ។
ពេលនេះជាអកុសលលោកបានទទួលមរណភាព ចាកឆ្ងាយពីក្រុមគ្រួសារ ញាតិមិត្ត ធ្លាប់ស្រលាញ់ រាប់អាន ដោយមិនបានលា សូម្បីតែពាក្យមួយម៉ាត់ដោយសារជំងឺគាំ.ងបេះដូង ដែលម្នាក់ៗនឹកស្មានមិនដល់ថារឿងនេះកើតឡើងទៅលើរូបគាត់ដែលជាវិជ្ជបណ្ឌិតសោះឡើយ ។ សេចក្តីល្អរបស់អ៊ំប្រុសមានច្រើនអនែកដែលស្ទើរតែមួយស្រុកកោះសូទិនគ្មានអ្នកណាធ្វើបានដូចគាត់ ។ នៅពេលដែលខ្ញុំកំពុងតែសរសេរទឹកភ្នែកខ្ញុំបែរជាស្រក់ដោយមិនដឹងខ្លួន ព្រោះសូម្បីតែរូបខ្ញុំ ក្រុមគ្រួសារខ្ញុំ ទំរាំធំធាត់មកដល់ថ្ងៃនេះក៏កើតចេញពីការសង្គ្រោះជាញ៉យដងពីអ៊ំប្រុសដែរ ។ ចុងក្រោយខ្ញុំសូមបួងសួងដល់ទេវតារក្សាទ្វីបលោកដឹកនាំដួងវិញ្ញាណក្ខន្ធអ៊ំប្រុសឲ្យបានដល់ឋានសុគតិភពកុំបីខានឡើយ»។