ដឹងច្បាស់ហើយ ប្រធានមន្ទីរអប់រំ ចេញមុខបកស្រាយរឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន ក្រោយផ្ទុះការរិះគន់ផ្អើលពេញហ្វេសប៊ុក
ផ្ទុះការរិះគន់ផ្អេីលពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយមហាជនបានឃេីញនូវសកម្មភាពរបស់លោកគ្រូអ្នកគ្រូនិងក្រុមប្រឹក្សាយុវជននៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូនកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានចុះអនុវត្តវិន័យដោយឈូសសក់សិស្សឡេីងឆកដល់ស្បែកក្បាល។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ករណីកាត់សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យ របស់សាលាតែប៉ុណ្ណោះ លោកនាយក គណៈកម្មការគ្រប់គ្រងសាលា និងអាណាព្យាបាលបានឯកភាពគ្នាថា កូនសិស្សប្រុសមានសក់ជាគំរូ គឺសក់ខ្លី ឬហៅថាសក់ PM»។
កូនសិស្សប្រុសដែលក្រុមប្រឹក្សាវិន័យកាត់សក់នេះ គឺជាកូនសិស្សមិនព្រមអនុវត្តតាមក្រុមប្រឹក្សាវិន័យ ដូចនេះហើយទើបក្រុមប្រឹក្សាវិន័យរបស់សាលាកោរសក់ ដើម្បីឱ្យកូនសិស្សទាំងនេះទៅកាត់សក់ខ្លី ប៉ុន្តែ បែរជាយករូបភាពនេះទៅបង្ហោះលើបណ្តាញសង្គមរហូតមានការបកស្រាយផ្សេងៗគ្នា ប៉ុន្តែ នេះជាកាតអនុវត្តក្រុមប្រឹក្សាវិន័យរបស់សាលាទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យី សុងគី។
លោកបន្ថែមថា ចំពោះការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យរបស់វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺមិនមានការប្រតិបត្តិកម្មណាមួយពីឪពុក ម្តាយ និងអាណាព្យាបាលរបស់សិស្សនោះទេ ព្រោះសាលាកំណត់ឱ្យកូនសិស្សប្រុសទាំងអស់ ត្រូវតែមានសក់ខ្លី ហើយចំពោះករណីនេះ គឺអាណព្យាបាលរបស់សិស្សបានឯកភាពគ្នាតាំងពីដើមឆ្នាំមកម្ល៉េះ។ លោកបានថ្លែងថា ការតម្រូវឱ្យកូនសិស្សប្រុសទាំងអស់ កូនសិស្សប្រុសកាត់សក់ខ្លី ដើម្បីឱ្យកូនសិស្សមានសក់ខ្លីស្អាត សាកសមនឹងកូនសិស្សល្អ គោរពតាមវិន័យរបស់សាលារៀនដែលបានកំណត់ប៉ុណ្ណោះ។ ចំពោះកូនសិស្សប្រុសដែលមិនព្រមអនុវត្តតាមវិន័យសាលារហូតក្រុមបប្រឹក្សាវិន័យកាត់សក់នេះ គឺមានចំនួន២៣នាក់។