សូមវិញ្ញាណក្ខន្ធបងទៅឲ្យបានសុខ អូននឹងមើលថែកូនយើងឲ្យដូចជាពេលបងនៅមានវត្តមាន
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារស្រ្តីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Heng Kim Ny ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ នៅវេលាម៉ោង ៩និង១៥នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដោយរោគាពាធ(ដុំសាច់ក្នុងថ្លេីម)។ ពិធីបុណ្យប្រារពនៅ គេហដ្ឋាននៃស.ព ក្នុងភូមិផ្ទះស្រែ (ខាងលិចវត្តក្ងានប្រហែល១០០ម៉ែត្រ) ឃុំស្វាយហ្លួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
នេះជាក្តីឈឺចាប់មួយដ៏ធំធេងបំផុតមិនអាចកាត់ថ្លៃបាន ចំពោះការបាត់បង់នូវមនុស្សជាទីស្រឡាញ់លឿនបែបនេះ គឺជាការចាកចេញទៅកាន់ទីដ៏សែនឆ្ងាយដោយគ្មានថ្ងៃវិលត្រលប់ជារៀងរហូត និងបន្សល់ទុកនូវក្តីអាឡោះអាល័យជាពន់ពេកដល់ភរិយា ក៏ដូចជាសាច់ញាតិឪពុកម្ដាយ។
អ្វីដែលមហាជនកាន់តែមានក្តីអាណិតអាសូរនោះ ស្រ្តីជាភរិយាបានបង្ហោះសារដោយមានការលេីកឡេីងទាំងក្តីក្រៀមក្រំថា៖«ត្បិតតែយើងជាលលកញីឈ្មោល សូមវិញ្ញណក្ខន្ធបងទៅឲ្យបានសុខ អូននឹងមើលថែកូនយើងឲ្យដូចជាពេលបងនៅមានវត្តមាន។ នាងខ្ញុំសូមគោរពអញ្ជើញបង ប្អូន ញាតិ មិត្តជិតឆ្ងាយ ជួយជូនដំណើរប្តីខ្ញុំចុងក្រោយនៅម៉ោង៨ព្រឹក ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣»។