ទុក្ខផ្ទួនៗតែម្តង អតីតភរិយា ពូចក់ រឿងគ្រួសារមិនទាន់ដោះស្រាយចប់ស្រួលបួលផង បែរមកជួបរឿងបែបនេះទៀត
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រីជាច្រើននាក់ ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
ក្រោយជួបរឿងលែងលះបានប៉ុន្មានថ្ងៃរួចមក នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នេះ ស្រាប់តែមានប្រភពពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Golden Man បានបង្ហោះពីទិដ្ឋភាពអេដមីន ជីងចក់ រួមជាមួយអតីតភរិយាបានមកជួបជុំអង្គុយតុរួមគ្នានៅក្លឹបកម្សាន្តមួយ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ ទេីបមានមតិមហាជនជាច្រើនបានលេីកឡេីងដូចៗគ្នាថាគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ចំណែកឯអ្នកទាំងពីរក៏បានចេញមុខមកធ្វេីការបញ្ជាក់តាមរយៈការ Live ថានេះគឺជាការជួបគ្នាដោយចៃដន្យ ពោលគឺមិនបានសម្ដែងដូចការលេីកឡេីងនោះទេ ហើយអ្នកទាំងពីរក៏គ្មានថ្ងៃនឹងវិលត្រលប់មកត្រូវគ្នាវិញបានដែរ។
យ៉ាងណាមិញ ខណៈដែលកំពុងតែជួបទុក្ខផ្ទួនៗក្នុងគ្រួសារដោះស្រាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែនៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នេះ អ្នកនាង ទ្រិញ ផល្លា ក៏ត្រូវបានចោរលួចកាច់កញ្ចក់រថយន្តទំនើបរបស់ខ្លួនទាំងសងខាងថែមទៀតផង។ អតីតភរិយាអេដមីន ជីងចក់ រូបនេះក៏មានជាពាក្យពេចន៍មួយចំនួនផ្តាំផ្ញេីទៅមហាជនឱ្យមានការប្រុងប្រយ័ត្នផងដែរ ដោយមានខ្លឹមសារលេីកឡេីងថា៖«បងប្អូនជិះ570 ប្រយ័ត្នមែនទែន ចោរលឿនណាស់រឿងកញ្ជក់ ឡានខ្ញុំអស់សងខាងហើយ។ លោកប្អូនចោរអើយ អត់អាណិតបងសោះ បងជួបរឿងជាន់លើរឿងហើយនេះ មានបងប្អូនណាស្គាល់កន្លែងដាក់កញ្ចក់ហ្សុីនទេ?»៕