ទប់លែងជាប់ នឹងពាក្យតិះដៀលដែលថាខ្លួនមានតែសម្បកខ្លួន អេដមីន ជីងចក់ បានចេញមកទម្លាយច្បាស់ៗថា
ប្រិយមិត្តជាច្រើនប្រាកដជាបានទទួលជ្រាបរួចមកហើយ អំពីរឿងរ៉ាវរបស់ អេដមីន ជីងចក់ ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏មានប្រជាប្រិយភាពបានលួចលាក់ឆាតទៅស្រី ហើយត្រូវបានភរិយាចាប់បានក៏ឆេះដុំជាខ្លាំង រហូតឈានដល់ការលែងលះគ្នា ព្រមទាំងបានប្រកាសប្រាប់ដល់មហាជនឱ្យបានដឹងជាសាធារណៈទៀតផង។
ក្នុងនោះដែរ អ្នកនាង ទ្រិញ ផល្លា ជាភរិយា ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញ ហើយក៏ជាអតីតតារាម៉ូដែលដ៏មានរូបសម្ភស្សស្រស់ស្អាតម្នាក់បានធ្វើការទម្លាយឲ្យដឹងថា រថយន្តទំនើបដែលអេដមីន ជីងចក់ កំពុងជិះគឺជារបស់រូបនាងទិញអោយស្វាមីដេីម្បីមានមុខមានមាត់ចូលក្នុងសង្គម។
យ៉ាងណាមិញ ងាកមក អេដមីន ជីងចក់ ឯណេះវិញ ដែលកាលពីម្សិលមិញនេះ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នេះ បានបង្ហោះសារលេីកឡេីងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយមានខ្លឹមសារថា៖ «នៅកំលោះមុនរៀបការខ្ញុំមានឡាន២គ្រឿងដែរ គ្រាន់ជិះមើលនាយមើលអាយនឹងគេ។ ១ជិះក្នុងក្រុង(Lexus 200T) មួយទៀត(Raptor 022)ទុកជិះចុះខេត្ត ទៅចំការលេង រឺទៅវត្តភ្នំម្ដងម្កាលដែរ។ តែក្រោយរៀបការហើយអាឡាន២គ្រឿងនេះវាមិនដឹងជាងា.ប់ទៅណារកមិនឃើញសោះ»។ លោកបានបន្តតាមរយៈខមិនថា៖«ប្រាប់មហាជនមួយនគរ ថាពូមានតែសម្បកខ្លួន ចុះឡាន២គ្រឿង និងលុយថ្លៃទឹកដោះ១១មុឺនដុល្លាទៀត ពូបានមកពីណា? សួរថាបើពូគ្មានសមត្ថភាពដល់ប៉ុណ្ណឹង បូកទាំងប្រជាប្រិយភាពទៀត សួរថាគាត់ព្រមយកពូអត់? ក្មួយៗឆ្លើយមក»។