កាន់តែឡេីងកូដខ្លាំង ស្រាប់តែ កញ្ញា តន់ ច័ន្ទសីម៉ា បានពោលពាក្យបែបនេះទៅកាន់អ្នកនាង ឱក សុគន្ធកញ្ញា
ជឿជាក់ថាប្រិយមិត្តបានស្គាល់រួចមកហេីយតារាចម្រៀងស្រីកំពុងឡើងកូដ ប្រចាំផលិតកម្ម «Galaxy Navatra» កញ្ញា តន់ ច័ន្ទសីម៉ា បច្ចុប្បន្នតារាចម្រៀងស្រីរូបនេះ កំពុងតែកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យកាន់តែមានភាពល្បីល្បាញ និងកំពុងតែត្រូវបានទស្សនិកជន គ្រប់ស្រទាប់វណ្ណៈ ពិសេសយុវវ័យធ្វើការគាំទ្រ តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ សុទ្ធសឹងតែជាបទផ្ទុះខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នេះ កញ្ញា តន់ ច័ន្ទសីម៉ា បានមានវត្តមានជួបជាមួយអ្នកនាង ឱក សុគន្ធកញ្ញា ដេីម្បីសម្តែងការគោរពទៅកាន់អតីតគ្រូបង្វឹករបស់ខ្លួនដែលធ្លាប់ជាបេក្ខភាពកូនក្រុមក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទីមួយ បេីទោះបីជាពេលនោះមិនទទួលបាននូវជ័យលាភី កញ្ញា តន់ ចន្ទសីម៉ា ក៏មានជាពាក្យពេចន៍មួយចំនួន ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖
«ខ្ញុំពិតជាមានអារម្មណ៍ថាកក់ក្ដៅសម្រាប់ពេលវេលា ដ៏មានតម្លៃនេះ អតីតកាលអ្នកគ្រូបានផ្ដល់ដំបូន្មានជាច្រើនសម្រាប់ខ្ញុំ ទោះបីខ្ញុំមិនអាចមានឱកាសទទួលពាន តែអ្នកគ្រូបានផ្ដល់កម្លាំងចិត្តឱ្យខ្ញុំ និងបានផ្ដល់ឱកាសអោយខ្ញុំរហូតពេលវេលាចុងក្រោយ ។ ក្នុងនាមខ្ញុំជាសិស្សជំនាន់ក្រោយ នាងខ្ញុំ សូម គោរពអរគុណអ្នកគ្រូ និងជូនពរអ្នកគ្រូ ទទួលបានសុខភាពល្អមានសុភមង្គលពេញមួយជីវិត»។