តារាចម្រៀង សួស វីហ្សា អាចនឹងច្រៀងលែងកេីតទៀត បេីសិននៅតែបន្តធ្វើរឿងមួយនេះ
កាលពីរសៀលម្សិលមិញនេះ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាង សួស វីហ្សា ដែលជាតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស បានធ្វើការឡាយវីដេអូជាសាធារណៈជូនដល់មហាជន ក៏ដូចជាម្ចាស់ដៃគូសហការ រួមនិងបណ្ដាម្ចាស់កម្មវិធីទាំងអស់ឱ្យបានជ្រាបអំពីស្ថានភាពជំងឺរបស់ខ្លួន។
តាមរយៈវីដេអូខាងលេី អ្នកនាង សួស វីហ្សា បានសម្ដែងនូវអារម្មណ៍មិនសប្បាយចិត្តជាខ្លាំងអំពីស្ថានភាពជំងឺរបស់ខ្លួនដោយមានបញ្ហាទាក់ទងនឹងបំពង់ក ធ្វើឲ្យរូបនាងមិនអាចប្រើប្រាស់សម្លេងបានច្បាស់ ស្អក និងមិនអាចនិយាយបានខ្លាំងៗដូចពីមុននោះទេ ព្រោះវាអាចបង្កឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ដែលអាចឈានដល់ការវះកាត់ថែមទៀតផង។
ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះក៏បានមានការបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ រាល់សកម្មភាពទាក់ទងនឹងការប្រើប្រាស់សម្លេង គឺត្រូវបានកាត់បន្ថយដេីម្បីយកពេលវេលានេះមកធ្វេីការព្យាបាល ចំណែកឯសកម្មភាពការឡាយ និងការងារចុះប្រគល់រង្វាន់ដល់អតិថិជនរបស់ខ្លួនវិញនោះ រូបនាងអាចបានត្រឹមមានវត្តមានជាមួយស្វាមីដោយមិនអាចនិយាយបានច្រើនដូចសព្វដងនោះទេ។