ហេតុអី បងទៅលឿនម្លេះបងប្រុស បងឈឺធ្ងន់មិនអីផង តែបែរជាមកទទួលមរណភាពដោយសារតែបែបនេះទៅវិញ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព លោក អនុសេនីយ៍ឯក សំ សេងហ៊ង ដែលរូបគាត់បានទទួលមរណភាពដោយសារតែខ្យល់ គ ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងបែបនេះ។
យ៉ាងណាមិញ ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ពន្លី អរុណរះ បានបង្ហោះសាររៀបរាប់ទាំងក្តីរន្ធត់ចិត្តថា៖«ហេតុអី បងទៅលឿនម្លេះបងប្រុស បងឈឺធ្ងន់មិនអីផង តែបែរជាមកកើតខ្យល់ គ មួយភ្លែត ប្អូនទៅដល់ជួយបងមិនកើតយកបងទៅដល់ពេទ្យឲ្យអស់ចិត្តទៀត តែនៅតែបងមិនឆ្លើយ សូមបងទៅកាន់សុគតិភពណាបង បងសំរាកហើយ»។
ជាមួយគ្នានេះ ក្រុមគ្រួសារនៃ ស ព លោក អនុសេនីយ៍ឯក សំ សេងហ៊ង ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈលោក វរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់ រួមជាមួយសហការី ដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណខ្ខន្ធ និងពាំនាំនូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមទាំងថវិការជាបច្ច័យចូលរួមបុណ្យ ស ព ព្រមទាំងបានគោរពជូនពរឯកឧត្តម ឧត្តមសេនីយ៍ឯក និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហេីយក៏សូមអរគុណដល់មិត្តភក្តិបងប្អូនទាំងអស់ ទាំងជិតឆ្ងាយ ទាំងក្នុងបណ្តាញសង្គមដែលបានផ្ញើរសាររួមរំលែកទុក្ខ»។