សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាយប់ថ្ងៃនេះ។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានបង្ហោះលើ Facebook ផ្លូវការដោយមានខ្លឹមសារទាំងស្រុងថា៖«ទើបទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកនេះ វេលាម៉ោង៩៖៤០នាទី (ត្រូវនឹងម៉ោង៣៖៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង»។
ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។