សូមចូលរួមរំលែកទុក្ខផង តួអង្គនាងវិធាវី ក្នុងខ្សែភាពយន្តរឿង ផ្កាស្រពោន ឆ្នាំ១៩៦៥ បានទទួលមរណភាពហើយ ដោយសារតែ
លោកស្រី ញ៉ុញ សាណុំ អតីតសិល្បការិនីល្ខោនជាតិ និងជាតួនាងវិធាវី ក្នុងខ្សែភាពយន្តរឿង ផ្កាស្រពោន ឆ្នាំ១៩៦៥ បានទទួលមរណភាពហើយ។ នេះបេីតាមការបង្ហោះពីគណនីផេកហ្វេសប៊ុក ក្រុមព្រះសុរិយា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រភពដដែលរូបនេះបានសរសេររៀបរាប់ឲ្យដឹងថា៖ «អតីតសិល្បការិនីល្ខោនជាតិ (ល្ខោននិយាយ) នៃប្រទេសកម្ពុជាសម័យសង្គមរាស្រ្តនិយម និងជាតួនាងវិធាវី ក្នុងខ្សែភាពយន្តរឿង ផ្កាស្រពោន ព្រមទាំងជាអនុប្រធានាការិយាល័យវប្បធម៌ខេត្តបាឡត់ដំបង ទសវត្ស៩០ លោកស្រី ញ៉ុញ សាណុំ បានទទូលមរណភាពនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នាគេហដ្ឋានរបស់លោកស្រីក្បែរសាលាពីរធ្នូ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងជន្មាយុ៨០ឆ្នាំ ដោយជំងឺមហារីកកូនកណ្តុរ ក្រោយពីលោកស្រីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១កន្លងទៅ។
នេះជាដំណឹងដ៏រន្ធត់ និងក្រៀមក្រំបំផុតនៃការបាត់បង់ធនធានដ៏កម្រនៃប្រជាជាតិយើងដែលធ្លាប់បានកសាងស្នាដៃជាច្រើនលើវិស័យសិល្បៈខ្មែរ។ បុណ្យ ស ព របស់លោកស្រី ញ៉ុញ សាណុំ កំពុងរៀបចំតាមគន្លងព្រះពុទ្ធសាសនានាគេហដ្ឋានរបស់លោកស្រី និងបូជានៅវត្តប៉ាឆា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក។ លោកស្រី ញ៉ុញ សាណុំ មានកំណើតនៅទឹកដីខេត្តកំពង់ឆ្នាំង ក្នុងត្រកូលគ្រួសារអ្នករាជការ បំរើនៅក្នុងព្រះបរមរាជវាំង។ នៅចុងទសវត្ស៥០ លោកស្រីបានចូលសិក្សារៀនសូត្រផ្នែកល្ខោនជាតិនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
នាងកញ្ញា ញ៉ុញ សាណុំ បានសម្តែងជាតួសំខាន់ៗ និងជាតួឯកក្នុងល្ខោននិយាយលើឆាក និងក្នុងវិទ្យុជាច្រើនរឿងដោយទទួលការពេញចិត្តពីមហាទស្សនិកជននាជំនាន់នោះ។ នៅឆ្នាំ១៩៦៥ នាងកញ្ញា ញ៉ុញ សាណុំ បានសម្តែងជាតួនាងវិធាវី តួឯកក្នុងខ្សែភាពយន្តរឿងផ្កាស្រពោន ដែលជាអក្សរសិល្ប៍ដ៏ល្បីល្បាញថ្នាក់ជាតិនិពន្ធដោយ លោក នូ ហាច។ តាមរយះខ្សែភាពយន្តរឿងផ្កាស្រពោននេះ មហាទស្សនិកជនខ្មែរមិនតិចទេរំជួលចិត្ត និងស្ងើចសរសើរពីទេពកោសល្យរបស់លោកស្រី ហើយចងចាំនូវការសម្តែងនេះមិនភ្លេចដល់សព្វថ្ងៃ។
ក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ លោកស្រី ញ៉ុញ សាណុំបានចូលបំរើក្នុងវិស័យសិល្បៈដដែរក្នុងនាមជាគ្រូបង្ហាត់ផង និងជាមន្រ្តីនៃមន្ទីរវប្បធម៌ផង រហូតបានក្លាយជាអនុប្រធានការិយាល័យសិល្បៈនៅទសវត្សឆ្នាំ៩០។ លោកស្រី ញ៉ុញ សាណុំ គឺជាភរិយារបស់លោកកៅ លឹមហ៊ាង អ្នកនិពន្ធបទភ្លេង និងចម្រៀងដ៏ល្បីល្បាញមួយរូប និងជាម្ចាស់បទ កម្ពុជាមាតុភូមិខ្ញុំ។ ក្រុមព្រះសុរិយា និងក្រុមហ៊ុន ស៊ីអេសវីឡា ព្រមទាំងអ្នកស្នេហាវិស័យសិល្បៈខ្មែរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រីសូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។