លោកគ្រូ សៀវ សុផល ចេញមុខបកស្រាយរឿងលុយ ១មុឺនដុល្លារ ដែលមានមតិលើកឡើងថាបានទទួលថ្លៃសេវាពីអ្នកនាង ខ្ញុង
ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់អ្នកនាង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN បានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ ហេីយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះក៏បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹងខ្លួនឯង និងប្រកាសមុខសារព័ត៌មានជាច្រើនថាខ្លួនបានក្ស័យធនផងដែរ។
ក្នុងនោះដែរ តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
ទន្ទឹមនឹងនេះដែរ ក្រោយពីមានសប្បុរសជន រួមនិងតារាជាមិត្តរួមអាជីពសិល្បៈយ៉ាងច្រើនលេីសលប់បាននាំគ្នាចូលរួមចំណែកជួយដល់តារាកំប្លែងស្រីរូបនេះរួចមក ស្រាប់តែនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ មានលោកគ្រូបង្រៀនវគ្គជោគជ័យម្នាក់ដែលមានឈ្មោះ សៀវ សុផល បានធ្វើការ Live ជាវីដេអូ ដោយបានអះអាងថាជាអ្នកនៅពីក្រោយរៀបចំផែនការ ក៏ដូចជាយុទ្ធសាស្ត្រដែលអាចដោះស្រាយបំណុលជួយដល់អ្នកនាង ខ្ញុង ត្រឹមរយៈពេលមួយថ្ងៃ។
យ៉ាងណាមិញ នៅយប់ថ្ងៃដដែលនេះ លោកគ្រូ សៀវ សុផល ក៏បានបញ្ជាក់បន្ថែមតាមរយៈការ Live ជាវីដេអូទៅកាន់មហាជនទាក់ទងនឹងមតិមួយចំនួនដែលបានលើកឡើងថា រូបលោកបានទទួលលុយចំនួន ១មុឺនដុល្លារ ជាថ្នូរថ្លៃសេវារៀបចំផែនការដោះបំណុលឲ្យអ្នកនាង ខ្ញុង គឺមិនមែនជាការពិតនោះទេ ខណៈដែលពេលដំបូងឡេីយកូនសិស្សជំនិតរបស់លោកទេ ដែលបានជួបជាមួយអ្នកនាង ខ្ញុង ហេីយចំពោះលុយថ្លៃសេវាដែលកូនសិស្សរបស់លោកទទួលបានពីតារាកំប្លែងស្រីរូបនេះត្រឹមតែ ៥០០ដុល្លារ ប៉ុណ្ណោះ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម