អស្ចារ្យណាស់ និស្សិតកម្ពុជា២រូបផលិត Drone ដឹកមនុស្សបានដោយជោគជ័យ ទទួលបានការលើកទឹកចិត្តពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នូវទឹកប្រាក់ចំនួន
នេះជាស្នាដៃដ៏អស្ចារ្យ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ របស់និស្សិតខ្មែរដែលកំពុងសិក្សារៀនសូត្រនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានផលិត Drone ដឹកមនុស្សបានដោយជោគជ័យ។ ជាការលើកទឹកចិត្ត និងស្ងើចស្ញែងចំពោះស្នាដៃដ៏ពិសេសនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង និងសប្បុរសជន រួមមាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង ប្រុស
អញ្ជើញសំណេះសំណាល និងផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកាក្នុងម្នាក់ចំនួន ៥,០០០ដុល្លារអាមេរិក សរុបជាទឹកប្រាក់ ចំនួន ១៥,០០០ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់លើការស្រាវជ្រាវបន្ថែមរបស់ក្រុមនិស្សិតដែលមានសមត្ថភាពខ្ពស់ ក្នុងការផលិតដ្រូននេះឡើង។ ពិធីប្រគល់អំណោយនេះបានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ។
បេីយោងតាមការបញ្ជាក់ចេញពីអង្គភាពសារព័ត៌មាន Fresh News បានឲ្យដឹងថា ចំពោះ Drone ដឹកមនុស្សដែលក្រុមនិស្សិតនៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ផលិតឡើងនេះមានទម្ងន់សរុប ១២៥គីឡូក្រាម មានកៅអី១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។