តាមពិតចឹងសោះ នាយ ចឺម ទម្លាយមូលហេតុដែលឈប់លេងកំប្លែង ងាកមកចាប់អាជីពជាតារាចម្រៀងវិញ ដោយសារតែ
ប្រិយមិត្ត និងមហាជនជាច្រេីនបានស្គាល់ច្បាស់រួចមកហេីយ នាយ ចឺម គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីមួយរូបក្នុងផលិតកម្មសាន់ដេ ដែលមានទឹកដមពិរោះ សម្លេងធ្ងន់ ស្រែកបានខ្ពស់ រហូតទទួលបាននូវការចាប់អារម្មណ៍ ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងសម្បើមតែម្តង ពីពុកម៉ែ បងប្អូន និងទស្សនិកជនទូទាំងប្រទេស ។
យ៉ាងណាមិញ តាមរយៈកិច្ចសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ នាយ ចឺម បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យខ្លួនសម្រេចចិត្តឈប់លេងកំប្លែង និងងាកមកចាប់អាជីពជាតារាចម្រៀងវិញ គឺដោយសារតែមានភាពខ្មាសអៀន ជាពិសេសពេលស្រីស្អាតសម្លឹងមេីលមកម្តងមានអារម្មណ៍ថាពិបាកណាស់ ព្រោះពេលដែលចេញសម្តែងម្តងៗពេលខ្លះត្រូវតម្រូវឲ្យដោះ អា វ គូសមុខគូសមាត់ទាំងដែលខ្លួនកាន់តែពេញកំឡោះ។
បន្ថែមទៀតនោះ នាយ ចឺម បានមានការបញ្ជាក់ឲ្យដឹងថា តាមពិតទៅរូបលោកស្រឡាញ់ខាងវិស័យចម្រៀងណាស់ តែដោយសារលោកមានបណ្តាញជាអ្នកកំប្លែង ទេីបធ្វើឲ្យខ្លួនសម្រេចចិត្តលេងកំប្លែងតាំងពីអាយុ ៩ឆ្នាំមកម្ល៉េះ ដែលគិតមកដល់ពេលនេះតារាចម្រៀងដ៏ល្បីរូបនេះមានអាយុ ២៦ឆ្នាំហេីយ។