រន្ធត់ចិត្តណាស់ ជាទ័ពអាវសមើលថែអ្នកជំងឺបានគ្រប់គ្នា ប្រាប់អ្នកជំងឺអោយរឹងមាំ ហេតុអីមិនមើលថែខ្លួនឯងផង ពេលនេះអ្នកគ្រូបានសំរាកហើយ សំរាកជារៀងរហូត
នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុក Cambodia Ecsort Ambulances បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលអ្នកគ្រូពេទ្យនារីម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងកាលពីយប់មិញនេះ ដោយសារតែជំងឺកូវី.ដ ១៩ ។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ថា៖«យើងខ្ញុំ ជាគណៈគ្រប់គ្រងក្រុមអ្នកសម្រួលផ្លូវរថយន្ដសង្គ្រោះបន្ទាន់នៅកម្ពុជា ( C.E.A.S ) សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់នូវ វីរៈជនអាវស របស់មហាគ្រួសារខ្មែរទាំងមូល ។ អ្នកគ្រូ អ៉ឹម ស្រីនិ បានលះបង់គ្រប់បែបយ៉ាង នឹងចូលរួមយ៉ាងសកម្មនៅក្នុងបុព្វហេតុ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវី.ដ19។ អ្នកគ្រូជាអ្នកគ្រូដែលគោរពស្រលាញ់អ្នកជំងឺ ណាស់ ដោយមិនគិតពីភាពនឿយហត់របស់ខ្លួនឯងឡើយ។ ពេលនេះអ្នកគ្រូបានសំរាកហើយ សំរាកជារៀងរហូត ហើយពួកយើង នឹងចងចាំនូវគំរូវីរៈភាពរបស់អ្នកគ្រូនៅក្នុងចិត្តពួកយើងរហូត»។
ជាមួយគ្នានេះ ប្រភពពីមិត្តភក្តិដែលមានគណនីហ្វេសប៊ុកឈ្មោះ Heng Heng បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ និងបានសរសេររៀបរាប់លាយឡំជាមួយក្តីអាឡោះអាល័យថា៖«ធ្វើជាពេទ្យមើលថែអ្នកជំងឺបានគ្រប់គ្នា ប្រាប់អ្នកជំងឺអោយរឹងមាំ ហេតុអី មិនមើលថែខ្លួនឯងផង ប្អូនស្រី បានណាគេមកសួរបងហេងទៀត បងហេងឈឺមែនអោយប្អូនទៅដាក់សុឺរ៉ូមអោយអត់ អត់អីណាបងហេង លូវប្អូនមិននៅបានណាគេសួរបងទៀត Xiao Ni»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ បងប្អូនខ្មែរជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការបាត់បង់នូវធនធានមនុស្សបែបនេះ។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយលើលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យបានទៅកាន់ទីសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ប្រជាជនខ្មែរគ្រប់រូប នឹងចងចាំនូវអ្វីៗដែលប្អូនស្រីធ្វើការលះបង់ជូនប្រទេសមួយនេះជារៀងរហូត។