ផ្តើមស្រលាញ់គ្នានាងបានដឹងថាខ្ញុំក្រ ប៉ុន្តែនាងតែងលើកទឹកចិត្តខ្ញុំ រហូតដល់ខ្ញុំធ្វើការបានប្រាក់ខែដល់ពាន់ដុល្លារ នាងមិនដែលយកលុយពីខ្ញុំចាយនោះឡើយ ដល់ពេលខ្ញុំធ្លាក់ខ្លួននាងមិនរអ៊ូនោះទេ ផ្ទុយទៅវិញនាងមានតែព្យាយាមរិះរកវិធីដើម្បីរកចំណូលបានច្រើនជាងមុន ដើម្បីជួយខ្ញុំរហូតដល់មានថ្ងៃនេះ
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រហ្វេសប៊ុក បុរសម្នាក់ មានឈ្មោះ Rin Sokreth បានលេីកឡេីង នូវសំណេរមួយឃ្លា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖”ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ គឺជាថ្ងៃដែលខ្ញុំបានសារភាពសុំស្រលាញ់នារីម្នាក់នេះ។ ក្រឡេកទៅមើលកាលពី៤ឆ្នាំមុន នាងនៅវ័យក្មេងណាស់ ខណៈខ្ញុំក៏ពុំទាន់មានអ្វីជាដុំកំភួន។ ពិភារ ពីមុនមិនស្អាតទេ ហើយឥលូវក៏មិនស្អាតណាស់ណាដែរ តែអ្វីដែលខ្ញុំមើលឃើញថានាងស្អាតមិនចេះជិនណាយ នោះគឺទឹកចិត្តសណ្តោសរបស់នាង និងភាពតស៊ូក្នុងឆាកជីវិតរបស់នាង។ នាងជាក្មេងដែលមានចរិតឯករាជ្យ និងម្ចាស់ការ ហើយចេះតស៊ូក្នុងជីវិត។ នាងជាកូនដែលមិនដែលធ្វើឱ្យឪពុកម្តាយពិបាកចិត្តដោយសារនាងនោះទេ។
ចាប់ផ្តើមស្រលាញ់គ្នា នាងបានដឹងថាខ្ញុំក្រ នាងបានដឹងថាឪពុកម្តាយខ្ញុំគឺជាកសិករគ្មានទ្រព្យសម្បត្តិអ្វីឡើយ ប៉ុន្តែនាងតែងលើកទឹកចិត្តខ្ញុំថាឱ្យតែយើងខិតខំ ដោយថាទ្រព្យសម្បត្តិគង់តែរកបានថ្ងៃក្រោយទៀត។ និយាយដោយត្រង់ តាំងពីខ្ញុំចេះធ្វើការបានប្រាក់ខែរហូតដល់ពាន់ដុល្លារ($$$$) នាងមិនដែលចេះយកលុយពីខ្ញុំចាយនោះឡើយ ផ្ទុយទៅវិញនាងទេដែលជាអ្នកជួយខ្ញុំ នៅពេលខ្ញុំលំបាក។ ចុងឆ្នាំ២០១៩ ខ្ញុំបានសម្រេចចិត្តជួយសាងសង់ផ្ទះជូនឪពុកម្តាយខ្ញុំនៅឯស្រុកកំណើត។ លុយសាងសង់ផ្ទះនោះ គឺខ្ញុំបានជំនួយពីលោកឧកញ៉ា វេជ្ចបណ្ឌិត គួច ម៉េងលីខ្លះ លុយរបស់ខ្ញុំខ្លះ លុយបងប្អូនខ្លះ ហើយនិងលុយខ្ចីធនាគារខ្លះ។
រហូតដល់ខែមេសាឆ្នាំមុន (២០២០) ស្រាប់តែកូវីដ-១៩ បានរីករាលដាលក្នុងប្រទេសយើង ខ្ញុំត្រូវបានក្រុមហ៊ុនកាត់ប្រាក់ខែ ដោយផ្តល់បានត្រឹមតែ៤០ភាគរយតែប៉ុណ្ណោះ ខណៈខ្ញុំត្រូវសងបំណុលគេជារៀងរាល់ខែ។ និយាយឱ្យអស់គឺ ខ្ញុំធ្លាក់ដល់បាត ខ្ញុំត្រូវចាយ Credit Card អស់រាប់រយដុល្លារ ហើយខ្ញុំត្រូវខ្ចីលុយពីពិភាររាប់រយដុល្លារ ខណៈលុយនោះគឺជាលុយដែលអ្នកលក់អនឡាញជារៀងរាល់ថ្ងៃ នាកាលដែលយើងមិនទាន់មានក្រុមហ៊ុន។ នាងមិនដែលរអ៊ូនោះទេ ផ្ទុយទៅវិញនាងមានតែព្យាយាមរិះរកវិធីដើម្បីរកចំណូលបានច្រើនជាងមុនដើម្បីជួយខ្ញុំ។ នាងតែងស្រលាញ់ឪពុកម្តាយបងប្អូនខ្ញុំដោយភាពស្និទស្នាលបំផុត ហើយនាងតែងយោគយល់អំពីកាតព្វកិច្ចកតញ្ញូរបស់ខ្ញុំចំពោះឪពុកម្តាយ។
ដោយមេីលពីការលំបាកនៃភាពខ្វះខាត នៅចុងឆ្នាំ២០២០ ពួកយើងក៏បានគិតអំពីអាជីវកម្មនាំចូលសាប៊ូកក់សក់ឡើង។ នាងគឺជាអ្នកផ្តើមគំនិតនាំចូលផលិតផលថែរក្សាសក់ ប៉ុន្តែពួកយើងខ្វះដេីមទុន។ ក្រោយមកយើងក៏ទទួលបានទុនពីអ៊ំប្រុសអ៊ំស្រីដែលរស់នៅសហរដ្ឋអាមេរិក ខ្ញុំហើយនិងពិភារ ក៏បានចាប់ផ្តើមអាជីវកម្មមួយនេះដោយប្រុងប្រយ័ត្នបំផុត។ សាកស្រមៃមើលចុះបើអាជីវកម្មនេះបរាជ័យ តើពួកខ្ញុំនឹងទៅជាយ៉ាងណា? ប៉ុន្តែដោយសារយើងបានសាងអំពើល្អជាមួយគ្នាមកច្រើន ហើយដោយសារយើងតែងខិតខំរួមដៃគ្នា ជួយគ្នាទៅវិញទៅមក អាជីវកម្មរបស់យើងក៏បានរីកចម្រើនយ៉ាងខ្លាំង។ ទោះបីវាមិនទាន់ធំដុំ ប៉ុន្តែពួកយើងលែងវេទនាដូចមុនទៀតហើយ។ យើងអាចរស់នៅបានដោយថ្លៃថ្នូរ ហើយយើងនៅតែបន្តសាងអំពើល្អជាមួយគ្នា ជួយសាច់ញាតិបងប្អូនគ្នាទៅវិញទៅមក ជួយជ្រោមជ្រែងគ្រួសារយើងឱ្យបានថ្កុំថ្កើង។ យើងមានលទ្ធភាពទិញរថយន្តដំបូងដោយលុយខ្លួនឯង ដោយមានស្លាកលេខ 2104 នោះគឺជាលេខតំណាងឱ្យថ្ងៃទី២១ ខែមេសា ដែលជាថ្ងៃយើងស្រលាញ់គ្នា។ ខ្ញុំសូមអរគុណដល់លោកពុកអ្នកម៉ែទាំងសងខាង និងអរគុណដល់បងប្អូនសាច់ញាតិទាំងអស់ដែលបានបេីកចិត្តទូលាយចំពោះយេីងខ្ញុំទាំងពីររូប ដែលជាឱកាសឱ្យយេីងអាចអភិវឌ្ឍន៍ខ្លួនរហូតដល់សព្វថ្ងៃនេះ។ រីករាយខួប៤ឆ្នាំនៃសេចក្តីស្រលាញ់អូនសម្លាញ់! phearpremium”។