ឯកឧត្ដម ហ៊ុន ជា បានអញ្ជើញទៅលេងសត្វតោដល់ផ្ទះជនជាតិចិន ព្រមទាំងបានបង្ហោះសារថា
ជឿជាក់ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ មហាជនជាច្រើនបានមានក្តីរំភើបរីករាយជាខ្លាំង អំពីដំណឹងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុញ្ញាតដល់ជនជាតិចិនឲ្យមកទទួលយកសត្វតោដែលខ្លួនបានចិញ្ចឹមត្រលប់យកទៅផ្ទះវិញ បន្ទាប់ពីសមត្ថកិច្ចបានរឹបអូសយកទៅរក្សាក្នុងសួនសត្វភ្នំតាម៉ៅកាលពីពេលថ្មីៗកន្លងទៅនោះ។
ចំពោះសេចក្ដីសម្រេចអនុញ្ញាតឲ្យម្ចាស់សត្វតោយកទៅចិញ្ចឹមវិញនេះ គឺក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ ទន្ទឹមនឹងការវិលត្រលប់របស់សត្វតោដ៏ស្លូតមួយនេះ គឺមានការចូលរួមទទួលស្វាគមន៍ពីប្រជាពលរដ្ឋជាច្រេីន ។
យ៉ាងណាមិញ នៅរសៀលថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្ដម ហ៊ុន ជា បានអញ្ជើញទៅលេងសត្វតោដល់ផ្ទះជនជាតិចិន ព្រមទាំងបានបង្ហោះសារសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងថា៖«ថ្ងៃនេះមកលេងសត្វតោឈ្មោលវាឈ្មោះ TMA (ធីម៉ា) វាស្លូតតែក៏ត្រូវមើលថែនឹងការពារដែរព្រោះវាជាសត្វ ។ ស្រលាញ់សត្វត្រូវដឹងនឹងស្វែងយល់ពីអារម្មណ៍សត្វអោយបានច្រើន និងចេះអោយអាហារវាអោយបានទៀងទាត់និងឆ្អិនផង»។