លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងស៊ើបអង្កេតទៅលើករណីថៃសាងសង់ប្រាសាទ ដែលស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា
កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរ បានសម្តែងនូវការប្រតិកម្មជាខ្លាំង បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាច្រើនលេីបណ្តាញសង្គមហ្វេសប៊ុក ដែលថៃបាននឹងកំពុងសាងសង់ប្រាសាទដូចទៅនឹងអង្គរវត្ត។ ការសាងសង់ប្រាសាទដែលចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ ជាប់ជាមួយខេត្តឧត្តរមានជ័យ របស់កម្ពុជា។
ជុំវិញករណីខាងលើនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានមានការបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ កំពុងស៊ើបអង្កេតទៅលើករណីថៃសាងសង់ប្រាសាទ ដែលស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា។
ក្នុងនោះដែរ មានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាតារាក្នុងវិថីសិល្បៈជាច្រើនរូប បន្ទាប់ពីបានសម្តែងនូវការមិនពេញចិត្តនោះ ក៏បានស្នេីដល់ភាគីថៃចេញមុខបកស្រាយចំពោះរឿងនេះ។ ចំពោះព័ត៌មានលំអិតបន្ថែមវិវត្តន៍យ៉ាងណានោះ ក្រុមការងារយើងខ្ញុំនឹងជម្រាបជូនប្រិយមិត្តជាបន្តទៀតនៅពេលក្រោយ។