ផ្លូវថ្នល់ធំទូលាយ តាមបណ្តោយឆ្នេរ ក្នុងក្រុងព្រះសីហនុ ដែលកំពុងជួសជុលស្ថាបនាថ្មី បើទោះជាមិនទាន់រួចរាល់ ប៉ុន្តែអាចធ្វើចរាចរណ៍បាន

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនោះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសីហនុនេះ

ជាពិសេសក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង។ ហើយចំពោះការដ្ឋាន សាងសង់ផ្លូវសរុបចំនួន ៣៤ខ្សែ ដែលមានប្រវែង ៨៤គីឡូម៉ែត្រនេះ គឺគ្រោងនឹងចំណាយថវិកាសរុបជិត ៣០០ លានដុល្លារឯណោះ។

យ៉ាងណាមិញ បើទោះជាផ្លូវទាំងអស់នោះ មិនទាន់ស្ថាបនារួចហើយក៏ដោយ ប៉ុន្ដែក្រឡែកមកមើលអំពីសម្រស់នៃផ្លូវតាមបណ្ដាយឆ្នេរ ដែលកំពុងសាងសងឯណោះវិញ គឺពិតជាមានសម្រស់ស្រស់ស្អាត និងមានគុណភាពរឹងមាំតែម្ដង។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”អរុណសួស្តីពីក្រុងព្រះសីហនុ បច្ចុប្បន្នភាព អំពីផ្លូវថ្នល់ធំទូលាយ តាមបណ្តោយឆ្នេរដែលកំពុងជួសជុលស្ថាបនាថ្មី បើទោះជាមិនទាន់រួចរាល់ ប៉ុន្តែអាចធ្វើចរាចរណ៍បាន”។

Add a Comment

Your email address will not be published. Required fields are marked *